តាងនាមអោយគណៈកម្មការនាយក ប្រចាំនៅទីក្រុងបាងកក ខ្ញុំព្រះករុណា-អាត្មាភាព ព្រះភិក្ខុ សុមេធោ មាស សាវឿន ជាប្រធានសម្ព័ន្ធសមណនិស្សិត-និស្សិតខ្មែក្រោម នៅប្រទេសថៃ សូមអារាធនានិមន្តនិង អញ្ជើញ ព្រះករុណាគុណម្ចាស់គ្រប់អង្គ ព្រះសង្ឃ សមណនិស្សិត និងនិស្សិតគ្រប់ៗ អង្គនិងរូប ដែលបាន នឹងកំពុងបន្តការសិក្សា នៅតាមមហាវិទ្យាល័យនានានៅទីក្រុងបាងកក និងនៅតាមសាខា បណ្តាខេត្តនានា ទូទាំងប្រទេសថៃ ព្រមទាំងបងប្អូនជនរួមជាតិខ្មែរយើងទូទៅ នៅប្រទេសថៃ ចូលរួមកម្មវិធីសិក្ខាសាលាស្តីពី “ព្រះពុទ្ធសាសនា និង ការអប់រំ” ។
កម្មវិធីសិក្ខាសាលានេះ នឹងមានការចូលរួមជាវាគ្មិន ពីសមណនិស្សិត និងនិស្សិតបញ្ញាវន្តខ្មែរក្រោមមួយ ចំនួនដែលកំពុងបន្តការសិក្សារៀនសូត្រ នៅថ្នាក់ឧត្តមសិក្សា តាមស្ថាប័នសិក្សា មហាវិទ្យាល័យនានាមក ពីប្រទេសកម្ពុជា និងនៅប្រទេសថៃ ដើម្បីផ្តល់នូវចំណេះដឹង ផ្តល់នូវវិជ្ជាទាន និងផ្លាស់ប្តូរបទពិសោធន៍ ល្អៗ លើវិស័យសិក្សាអប់រំគ្រប់កំរិត នាពេលបច្ចុប្បន្ននិតទៅអនាគត ជាពិសេសទៀត សិក្ខាកាមទាំងអស់ នឹងបានទទួលនូវព័ត៌មានល្អៗ និងបរិបទការងារសំខាន់ៗ របស់សហពន្ធខ្មែរកម្ពុជាក្រោមពិភពលោកនៅ លើឆាកអន្តរជាតិរយៈពេលកន្លងមក ពីព្រះតេជព្រះគុណ ថាច់ ទ្រឿង ធម្មោ ដែលជាតំណាងអង្គការ សហព័ន្ធខ្មែរកម្ពុជាក្រោម និមន្តមកពីប្រទេសកាណាដា និងជាព្រះអធិបតីកិត្តិយសនៃកិច្ចប្រជុំសិក្ខាសាលា អប់រំលើកនេះ។
អាស្រ័យដូចបានទូលប្រគេន និងជំរាបជូនដំណឹងខាងលើ និងដើម្បីញ៉ាំងកម្មវិធីសិក្ខាសាលាអប់រំលើកនេះ ឲ្យប្រព្រឹត្តទៅបានយ៉ាងរលូនកុះករនិងអធិកអធម ដូច្នេះ សូមអារាធនានិមន្ត និងអញ្ជើញចូលរួមក្នុងកម្មវិធី នេះកុំបីខាន។
កាលបរិច្ឆេទ៖
កម្មវិធីនេះប្រព្រឹត្តទៅ នៅថ្ងៃអាទិត្យ ទី ០៣ ខែ មិថុនា ព.ស. ២៥៥៥ គ.ស. ២០១២ វេលាម៉ោង ០៨ ព្រឹករហូតដល់ម៉ោង ០៥ រសៀល នៅបន្ទប់ប្រជុំហុតៈសិង្ហ ជាន់ទី៣ អាគារអនេកប្រសង្គ១ មហាវិទ្យាល័យ ធម្មសាស្រ្ត ថាព្រះចន្រ្ទ ទីក្រុងបាកក ប្រទេសថៃ។